តម្លៃ មានវាគ្មិនដ៏ល្បីមួយរូបបានចាប់ផ្តើមសិក្ខាសាលាដោយកាន់ក្រដាស់ប្រាក់១០០ដុល្លារមកជាមួយ។ អ្នកចូលរួមសិក្ខាសាលាមានចំនួនប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នាស្តាប់គាត់យ៉ាងយកចិត្តទុកដាក់។ វាគ្មិនរូបនោះបានសួរទៅអ្នកចូលរួមទាំងអស់គ្នាថា៖ អ្នកណាចង់បានប្រាក់១០០ដុល្លារនេះ? អ្នកចូលរួមទាំង២០០នាក់នោះបានលើកដៃទាំងអស់គ្នា។ បន្ទាប់មកវាគ្មិនរូបនោះបាននិយាយថា៖ ក្នុងចំណោមអ្នកទាំងអស់គ្នា មានតែម្នាក់ប៉ុណ្ណោះដែលនឹងទទួលបាន១០០ដុល្លារនេះ ប៉ុន្តែអនុញ្ញាតិឲ្យខ្ញុំធ្វើដូច្នេះសិន… (គាត់ក៏ញីក្រដាស់១០០ដុល្លារនោះ) គាត់ក៏សួរទៀតថា៖ អ្នកណាខ្លះនៅតែចង់បានវា?អ្នកចូលរួមទាំង២០០នាក់នោះនៅតែលើកដៃគ្រប់គ្នា។ ក្រោយមកគាត់ក៏និយាយទៀតថា៖ ចុះបើខ្ញុំធ្វើដូច្នេះ..(គាត់បានទម្លាក់ក្រដាសប្រាក់នោះទៅក្រោម ហើយជាន់ឈ្លីវាឲ្យខ្ទក់).. បន្ទាប់មក គាត់បានលើកក្រដាស១០០ដុល្លារនោះមក ហើយបង្ហាញទៅកាន់អ្នកចូលរួមទាំងអស់ឲ្យឃើញថាក្រដាសប្រាក់១០០ដុល្លារនេះខ្ទក់ខ្ទីរ និងប្រឡាក់ដី។ គាត់ក៏បានសួរទៀតថា៖ អ្នកណាខ្លះនៅតែចង់បាន? មិនខុសពីមុនៗទេ អ្នកចូលរួមទាំងអស់នៅតែលើកដៃគ្រប់គ្នា។ គាត់ក៏បាននិយាយថា៖ មិត្តទាំងឡាយអើយ! ខ្ញុំទើបតែបង្ហាញមេរៀនដ៏មានសារៈសំខាន់មួយទៅអ្នក។ មិនថាខ្ញុំបានធ្វើអ្វីទៅលើលុយនោះទេ អ្នកនៅតែចង់បានវា ព្រោះតម្លៃរបស់វាមិនបានធ្លាក់ចុះទេ។ វានៅតែជាក្រដាស១០០ដុល្លារ។ មានច្រើនដងណាស់ដែលជីវិតរបស់យើងត្រូវបានជួបឧបសគ្គ និងជួបនឹងរឿងហេតុអាក្រក់ៗ។ យើងធ្លាប់បានសម្រេចចិត្តខុស ឬជួបជាមួយនឹងស្ថានភាពដ៏យ៉ាប់យឺនក្នុងជីវិត។ ជួនកាលយើងមានអារម្មណ៍ថាខ្លួនយើងគ្មានតម្លៃ។ ប៉ុន្តែទោះជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកនឹងមិនបាត់បង់តម្លៃរបស់ខ្លួនអ្នកឡើយ។ អ្នកជាមនុស្សពិសេស ចូរកុំភ្លេចតម្លៃរបស់អ្នក!